ភ្នំពេញ (ថ្ងៃទី១១ ខែកញ្ញា)៖ ក្រុមហ៊ុនផាប៊ូរី អ៊ិនវេសម៉ិន ឯក ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការប្រកាសថា អគារ ធី ខេ សេនត្រល បានឈ្នះពានរង្វាន់ ការអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ លើកទី៥ ដែលរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០។
អគារ ធី ខេ សេនត្រល របស់ក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯក ក៏បានជាប់ឈ្មោះក្នុងគម្រោងឆ្នើម ក្នុងនាមជា អគារមានការរចនាម៉ូដស្ថាបត្យកម្មអាផាតមិនសេវាកម្មដែលល្អបំផុត និងស្ថាបនិកអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះដែលល្អបំផុត ផងដែរ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដដែលនេះ។
លោក តែ វង្សឆាយ អគ្គនាយកក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯក មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីរីករាយណាស់ដែលអគារពាណិជ្ជកម្មចម្រុះរបស់យើង បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ»។
លោកមានប្រសាសន៍បន្ថែមថា៖ «ការឈ្នះពានរង្វាន់ទាំងនេះ សបញ្ជាក់អំពីការទទួលស្គាល់ពីកម្រិតស្តង់ដារទាំងលើសំណង់អគារ រចនាបទស្ថាបត្យកម្ម សុវត្ថិភាព សេវាកម្ម និងការគ្រប់គ្រងប្រតិបត្តិការក្នុងអគារ។ ការឈ្នះពានរង្វាន់នេះក៏ពង្រឹងការជឿទុកចិត្ត និងការជឿជាក់បន្ថែមទៀតពីអតិថិជនជាសក្តានុពលនានា ក្នុងការសហការជាមួយនឹងយើង ផងដែរ»។